ភាពឯកានៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ យ៉ក់ នាម វ័យ ៦១ ឆ្នាំ រស់នៅភូមិបរិបូណ៍ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ក្នុងចំណោមប្រាំលាននាក់។ គាត់បានអង្កេតដំណើរការតុលាការខ្មែរក្រហម នឹងយល់ឃើញថាបានផ្តល់យុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតដូចរូបគាត់។ គាត់គិតថា ការអប់រំនៅតាមសាលារៀន និងការប្រមែប្រមូលរឿងរ៉ាវពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាវិធីសាស្រ្ត ដែលអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលកើតមានឡើងក្នុងរបបនោះ។
រឿងដែលគាត់ឈឺចាប់ បំភ្លេចមិនបានគឺការធ្វើការងារ គ្មានពេលសម្រាក និងការហូបចុកមិនបានគ្រប់គ្រាន់។ គាត់ពិតជាមានភាពឯកានៅពេលដែលគាត់ត្រូវបានបំបែកចេញពីគ្រួសារទាំងក្តីនឹករលឹក។ កាលពីវ័យកុមារី យ៉ក់ នាម បានលើកឡើងថាកូនក្មេងមានការស្រែកឃ្លានដូច្នេះរូបគាត់ឃ្លានដែលអត់ទ្រាំពុំបាន ក៏សម្រេចចិត្តបេះផ្លែឈើព្រៃហូប ដោយមិនបានដឹងថាពុល ឬមិនពុលនោះទេ។
សម័យនោះខ្មែរក្រហមប្រើគាត់ឲ្យលើកទំនប់ ជីកប្រឡាយ ជួនកាលគេចាត់តាំងឲ្យទៅលើកទំនប់នៅទីឆ្ងាយពីគ្រួសារ ដែលមានរយៈពេលពីរទៅបីខែ។ ក្រៅពីនេះគាត់ត្រូវដកស្ទូងស្រូវទាំងយប់ ហើយរងា នៅក្រោមពន្លឺព្រះចន្ទមិនដែលទទួលបានរបបអាហារគ្រប់គ្រាន់ទេមានតែបបរលាយជាមួយស្លឹកផ្ទីប៉ុណ្ណោះ។ ខ្មែរក្រហមមិនឲ្យគាត់សម្រាកនោះទេ បើហ៊ានគឺប្រហែលគាត់ត្រូវគេវាយចោលបាត់ទៅហើយ។ ការរស់នៅប្រកបទៅដោយភាពភ័យខ្លាច នេះជាអ្វីដែលគាត់បានលើកឡើងនៅពេលអ្នកស្ម័គ្រចិត្តកម្ពុជាបានចុះសួរនាំគាត់អំពីបញ្ហាសុខភាព និងការចងចាំរបស់គាត់នៅក្នុងរបបខ្មែរក្រហម។ ជាងនេះទៅទៀតនោះ គឺដំឡូង និងបន្លែផ្សេងៗដែលដុះឬដាំនៅតាមរបងផ្ទះ ក៏គាត់មិនអាចហូបបាននោះទេ។ អ្វីៗត្រូវបានអង្គការដាក់ចូលសមូហភាព បើអង្គការឃើញជាលក្ខណៈឯកជននោះប្រាកដជាយកទៅកសាងជាមិនខាន៕
សម្ភាសន៍ដោយ ភេទ សុភីម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ