• ទំព័រដើម

    គេហទំព័រឈ្មោះ www.thekrsurvivors.news របស់មជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាសលេខ ០៦៨ ព.ស ល.អ ចុះថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន។ ឌឹញូវបានទទួលការអនុញ្ញាតបន្តសុពលភាពអាជីវកម្មគេហទំព័រពីសាលារាជធានីភ្នំពេញ លេខ៣៣៣៩/២៤ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

    ចាប់តាំងពីដំណើរការងារស្រាវជ្រាវនៅឆ្នាំ ១៩៩៥ ដោយឈរលើគោលការណ៍សំខាន់ពីររបស់ខ្លួនគឺការចងចាំ និងយុត្តិធម៌ មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមូលចងក្រងឯកសារអំពីព័ត៌មានទាក់ទងទៅនឹងរបបខ្មែរក្រហមបានជាង១លានឯកសារ ដែលជាស្ថាប័នផ្ទុកឯកសារព័ត៌មានទាក់ទងនឹងរបបខ្មែរក្រហមច្រើនជាងគេនៅក្នុងតំបន់។ ក្រៅតែពីផ្ទុកឯកសារមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ជាស្ថាប័នដែលនាំមុខនៅក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងរបបខ្មែរក្រហមទៅកាន់សាធារណៈជន និង អ្នកស្រាវជ្រាវនានាក្នុងពិភពលោក។

    មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងវិវឌ្ឍការងាររបស់ខ្លួនកាន់តែធំបន្តទៅទៀត ដោយឈរលើគោលការណ៍ យុត្តិធម៌ ការចងចាំ សុខភាព សន្តិភាព និងការអភិវឌ្ឍ ដែលគម្រោងសំខាន់ៗមួយចំនួននឹងត្រូវបានបង្កើតឡើង។ នៅក្នុងចំណោមនោះអង្គភាពព័ត៌មាន ឌឹញូវ (រឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម (D-News: Stories of Khmer Rouge Survivors) ត្រូវបានបង្កើតឡើងដើម្បីបន្តពង្រីកបន្ថែមការផ្សព្វផ្សាយព័ត៌មាន អំពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យបានកាន់តែច្រើនបន្តទៅទៀត។ អង្គភាពព័ត៌មាននេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលនឹងផ្តោតសំខាន់ទៅលើការផលិតព័ត៌មានទាក់ទងនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងព័ត៌មាននយោបាយ សេដ្ឋកិច្ច ការអប់រំ សុខភាព និងបញ្ហាសង្គមដែលផ្តល់ជូនចំណេះដឹងដើម្បីបម្រើដល់ យុត្តិធម៌ ការចង់ចាំ សុខភាព និងការអភិវឌ្ឈ ដើម្បីរក្សាបាននូវសង្គមប្រកបដោយសន្តិភាព និងការផ្សះផ្សាដោយសុខភាពនៅបន្ទាប់ពីអំពើប្រល័យពូជសាសន៍។

    ប្រភពព័ត៌មានសំខាន់ៗគឺបានមកពីសាក្សីប្រវត្តិសាស្ត្រដំបូង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ ដែលជាអ្នកបានឆ្លងកាត់ផ្ទាល់នៅក្នុងរបបខ្មែរក្រហម ដែលចាំបាច់ត្រូវតែចងក្រង និងផ្សព្វផ្សាយ ដោយហេតុថា នៅក្នុងរយៈពេលមិនយូរនៅពេលខាងមុខ គាត់នឹងមិនមានវត្តមានក្នុងការប្រាប់ពីការពិតដែលគាត់បានឆ្លងគាត់ផ្ទាល់នោះតទៅទៀតទេ។ តួលេខរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងតែថយចុះជាបន្តបន្ទាប់ដោយសារតែបញ្ហាប្រឈមចំពោះសុខភាពរបស់គាត់។

    • Solverwp- WordPress Theme and Plugin