របបខ្មែរក្រហមបានបន្សល់ភាពសោកស្តាយសម្រាប់ប្រជាជនខ្មែរ

យីន ជឹប អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ យីន ជឹប ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃមានអាយុ ៨៨ឆ្នាំ​ ​រស់នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។  កាត សារ៉ាត់ ជាយុវជនស្ម័គ្រកម្ពុជា បានជួបសម្ភាសន៍ យីន ជឹប អំពីដំណើរជីវិតនាសម័យខ្មែរក្រហម ដើម្បីឲ្យអ្នកជំនាន់ក្រោយបានសិក្សាពីជំនាន់នោះ។

យីន ជឹប ជាអតីតទាហានមួយរូបដែលការពារតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម។ ក្នុងនាមជាកងស្ម័គ្រចិត្តម្នាក់នៅដាំហុង យីន ជឹប បាននៅចាំបទនៃសម័យ(មុនរបបខ្មែរក្រហម)នោះថា «ក្រុមយើងជាកងស្ម័គ្រចិត្តមានរិទ្ធិបង្កបង្កើនថ្មី ប្រជារាស្ត្រទាំងប្រុសស្រីឆ្លងផុត(ថ្ងៃ)ថ្មីនៃកម្ពុជា បងប្អូនរួមជាតិទាំងឡាយអើយ ពេលនេះឯងហើយនៅជាតិខេមរា ហាត់តាមផែនការសីហនុវរ័្មន»។

ក្នុងនាមជាប្រធានភូមិម្នាក់ គាត់មិនបានធ្វើការនឿយហត់ដូចអ្នកដទៃទៀតនោះទេ ដែលអ្នកទាំងនោះត្រូវធ្វើការដូចជាជីកប្រឡាយ ធ្វើស្រែចំការ និងស្ទូងស្រូវ។ ប៉ុន្តែគាត់ក៏នៅតែមិនបានទទួលការបរិភោគគ្រប់គ្រាន់ដដែល គាត់បញ្ជាក់ថាសម័យនោះ នៅតាមភូមិនីមួយៗសំបូរទៅដោយស្រូវ តែអង្គការមិនឲ្យបរិភោគនោះទេ មានតែគល់ល្ហុងលាយជាមួយបបរប៉ុណ្ណោះ ស្រូវអង្ករដែលគាត់ខិតខំប្រមូលផល ត្រូវបានបញ្ជូនចេញពីឃ្លាំង។ ជួនកាល យីន ជឹប បានលួចហូបដំឡូងមីនៅពេលយប់អធ្រាត្រ ដោយមិនឲ្យអង្គការដឹងនោះទេ។ អង្គការ គឺជាពាក្យដែលគាត់បានលើកឡើងថា អ្នកណាក៏ជាអង្គការដែរ។ គាត់បាននិយាយពីការចាប់បង្ខំឲ្យរៀបការ និងរួមរស់ជាមួយគ្នា ដែលជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៃប្រជាពលរដ្ឋខ្មែរនាសម័យខ្មែរក្រហម។

របបខ្មែរក្រហមបានបន្សល់ភាពសោកស្តាយ និងភាពឈឺចាប់ សម្រាប់រូបគាត់ និងក៏ដូចប្រជាជនខ្មែរទាំងមូល។ ជាចុងក្រោយ គាត់សង្ឃឹមថាប្រជាជនបានសេចក្តីសុខ រួមផុតពីទុក្ខ តាមគន្លងព្រះពុទ្ធសាសនា៕

សម្ភាសន៍ដោយ កាត សារ៉ាត់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin