ជីវិតរសាត់អណ្តែតនៅសម័យសង្គ្រាម
(កំពង់ឆ្នាំង)៖ ថៃ ឡេង មានអាយុ ៧៥ ឆ្នាំ ដែលសព្វថ្ងៃគាត់កំពុងរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីដំណើរជីវិតនាសម័យខ្មែរក្រហម។ គាត់ផ្ទាល់ត្រូវខំធ្វើការទាំងយប់ទាំងថ្ងៃ ដូចជាទម្លាក់ថ្ម ជីកប្រឡាយ ដាំដំឡូង ស្ទូង ស្រូវ ច្រូតស្រូវ ដេរស្លឹក តាមការបញ្ជារបស់អង្គការ។
ជីវិតពេលសម័យសង្គ្រាម គាត់តូ្រវបានរសាត់អណ្តែត ពីកន្លែងមួយទៅកន្លែងមួយ ខណៈពេលកងទ័ពវៀតណាមខិតជិតមកដល់ ពីដំណាក់ស្វាយ ទៅចាន់ពាក់ បន្ទាប់មក ភូមិខ្នា រហូតទៅដល់ភូមិបាគូ បានជិត ២សប្តាហ៍ គាត់ត្រូវធ្វើដំណើរទៅកាន់ភូមិមួយទៀត គឺភូមិបាគោ។ អំឡុងពេលពពោះ ៧ខែ គាត់បានផ្លាស់ប្តូរការងារ ទៅសាបស្រូវ បាចទឹក បន្ទាប់មក ដាំបាយ ក៏ប៉ុន្តែដោយសារទឹកចិត្តអាណិតអាសូរចំពោះចាស់ៗជាបុរស ដែលធ្វើការធ្ងន់ ទទួលទានមិនគ្រប់គ្រាន់នោះ គាត់បានបដិសេធ ព្រោះខ្លាចធ្វើការមិនបានល្អ។
បន្ទាប់មកគាត់បានត្រឡប់ទៅកន្លែងស្នាក់នៅវិញដោយភាពភ័យខ្លាចដោយគិតថាខ្លួនមុខជាស្លាប់។ ក្នុងនាមជាម្តាយមួយរូប គាត់មានការអាណិតអាសូរចំពោះកូនដែលមិនបានមើលថែដិតដល់ ព្រោះត្រូវធ្វើការដល់តំបន់ទឹកល្អក់ និងព្រៃខ្មែរ កូនឈឺផង និងជាអកុសលទារកទើបនឹងកើតម្នាក់ទៀតក៏បាត់បង់ជីវិត ដោយសារកង្វះរបបអាហារ ខ្លួនគាត់ផ្ទាល់ក៏ធ្លាក់ខ្លួនឈឺរយៈពេលជាង ២ខែ។ ក្រោយពីជាសះស្បើយដោយប្រើប្រាស់ថ្នាំខ្មែរ គាត់បន្តធ្វើការផង មើលថែកូនផង ដោយឃ្លាតឆ្ងាយពីស្វាមីដែលធ្វើការនៅដំណាក់ចំបក់ ដែលកម្រនឹងជួប។
រូបគាត់បានបន្តធ្វើការតាមផ្ទះ ដើរយកត្បាលកិនស្រូវ និងកន្ទេល ស្របពេលមានការប្រយុទ្ធបាញ់បោះ គាត់និងគ្នាម្នាក់ទៀតបានរត់គេចពីគ្រាប់កាំភ្លើង។ បន្ទាប់មកទៀត គាត់ត្រូវបានបញ្ជាឲ្យទៅ ដាំដំឡូងមី ដកស្ទូង គ្មានថ្ងៃឈប់សំរាក ដោយការគំរាមកំហែងពីប្រធានសហករណ៍ ថារូបគាត់បានរាយការណ៍ប្រាប់ស្វាមី ដែលជាប្រធានសហករណ៍នៅតំបន់ផ្សេង។ អំឡុងពេលធ្វើការដើរកាច់ទំពាំង តាមរទេះគោ គាត់និងអ្នកធ្វើជាមួយប្រហែល ១០ ទៅ ២០ បានចែកគ្នាហូបនូវអាហារដែលរកបានខ្លះៗ ទុកសម្រាប់ហូប និងទុកឲ្យកូន ដូចជា ដើមល្ហុង ស្មាច់បុរាណ មើមប្រង់ដែលត្រូវបានឈូសហាល យកទៅបបរ ជាមួយត្រីដែលចាប់បាន ទុកបម្រុងបាន ៤ ទៅ ៥ថ្ងៃ។
គាត់មានការអាណិតអាសូរចំពោះអ្នកជីកកាប់អន្លូង ចូកបង្គា ដែលមិនទាន់ដឹងថានឹងត្រូវអង្គការយកទៅសម្លាប់ ក្នុងនោះខ្មែរមួយចំនួន និងជនជាតិវៀតណាមដែលត្រូវបាញ់ និងកាប់សម្លាប់នៅនឹងកន្លែង។ ក្នុងនោះមានឪពុកខ្លួន ដែលធ្លាប់ធ្វើជាជំទប់ឃុំ គាត់មិនហ៊ានទទួលស្គាល់ពេលសាកសួររក និងធានានោះទេចំពោះសាច់ញាតិ និងមនុស្សធ្លាប់ស្គាល់គ្នា បានត្រឹមតែបដិសេធ និងដើរចេញគេចពីទាហាន និងពួនក្នុងព្រៃប៉ុណ្ណោះ ខ្លាចគេចោទថាខ្មាំង។ ក្រោយពីការងារ គាត់បានត្រឡប់ទៅផ្ទះវិញដោយមិនហ៊ានដើររកអាហារពេលយប់នោះទេ។ ជាចុងក្រោយ ថៃ ឡេង បានផ្លាស់ប្តូរមកតាំងទីលំនៅទីនេះក្រោយថ្ងៃរំដោះ រហូតមកដល់បច្ចុប្បន្ន។
ឆាកជីវិតរបស់ ថៃ ឡេង បានឆ្ចុះបញ្ចំាងពីភាពឃោរឃៅ ការកាប់សម្លាប់ ការបង្ខំឲ្យធ្វើការលើសកម្លាំង គ្មានការបរិភោគគ្រប់គ្រាន់ និងការព្រាត់ប្រាសគ្រួសារទាំងឪពុកម្តាយ ប្តីប្រពន្ធ និងកូនជាទីស្រឡាញ់ ចំពោះជនស្លូតត្រង់។ របបខ្មែរក្រហមបានបន្សល់នូវភាពឈឺចាប់ ការភ័យខ្លាច និងការចងចាំ ដល់ខ្មែរគ្រប់រូបដែលបានរស់រានមានជីវិតពីអំពោះប្រល័យពូជសាសន៍៕
សម្ភាសន៍ដោយ បឿន ស្រីនិច នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២
អត្ថបទដោយ ស៊្រាង លីហ៊ួរ