ជាងឈើនៅសម័យខ្មែរក្រហម

រស់ ជុំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ រស់ ជុំ មានវ័យ៧០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានតាមដានដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដោយពេញចិត្ត និងយល់ថាយុត្តិធម៌សម្រាប់រូបលោក។

ការអប់រំតាមសាលារៀន និងការនិយាយប្រវត្តិរឿងរ៉ាវដែលគាត់បានឆ្លងកាត់នៃរបបខ្មែរក្រហម គាត់គិតថាវិធីដែលអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយមានការចងចាំអំពីរបបនោះ និងដើម្បីកុំឲ្យរបបនេះវិលមកវិញ។ គាត់មានអារម្មណ៍រីករាយ នឹងបានធូរស្រាលក្នុងចិត្តបានខ្លះ បន្ទាប់ពីមានការចុះសួរសុខទុក្ខពីអ្នកស្ម័គ្រចិត្តកម្ពុជា (CamboCorps) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលខេត្តព្រះវិហារ ដោយមានកងឈ្លបឲ្យប្រជាពលរដ្ឋធ្វើការងាររួម ហូបបាយរួម។ កងឈ្លបបានយកព្រះសង្ឃពីរអង្គទៅសួរចម្លើយ ដោយគិតថាជាខ្សែរយៈរបស់លោក លន់ នល់ ក្នុងនោះមាន រស់ ជុំ ដែលបួសតាំងពីឆ្នាំ១៩៧០។ គាត់ត្រូវបានដោះលែង នឹងត្រូវធ្វើការឲ្យខ្មែរក្រហម។

បន្ទាប់មក គាត់ក៏ចាប់ចូលជាអង្គភាពសាធារណៈការនៃរបបខ្មែរក្រហមនៅមុនឆ្នាំ១៩៧៥ ដោយធ្វើជាអ្នកអារឈើសម្រាប់ធ្វើផ្ទះ ធ្វើមន្ទីរឲ្យគណៈតំបន់១០៣។ គណៈតំបន់ក៏បានចាត់តាំងគាត់ និងអ្នកឯទៀតធ្វើស្ពានអូត្រលុក និងស្ពានតាកឹង ដោយហូបបាយតែមួយកូនចានប៉ុណ្ណោះ។ គាត់នឹងភរិយាគាត់ត្រូវបានរៀបការជាមួយ ៤គូរផ្សេងទៀត។ ខ្មែរក្រហមបានសួរគាត់ថា សមមិត្តយកគ្រួសារដើម្បីអ្វី គាត់ឆ្លើយថា កសាងគ្រួសារដើម្បីកសាងជាតិការពារមាតុភូមិ (ខ្មែរក្រហមបានទះដៃចំពោះចម្លើយរបស់គាត់)។

គាត់និងគ្រួសារធ្វើការនៅដាច់ពីគ្នា ខ្មែរក្រហមឲ្យគាត់អារឈើរហូតដល់ម៉ោង ៩-១០ យប់ ទើបបានសម្រាក។ នៅយប់មួយគេហៅគាត់ទៅកាប់ឫស្សីទាំងយប់អធ្រាត្រ គាត់ក៏មានការភ័យខ្លាច។ រស់ ជុំ និងមនុស្ស ចំនួន ១៥០ នាក់ ដែលមានឡានជាង ២០ ចាំទទួល ត្រូវទៅកាប់ឫស្សីទាំងយប់។ ត្រឡប់មកវិញ លោកត្រូវធ្វើការបន្តទៀតនៅព្រឹកបន្ទាប់ ទាំងមិនបានសម្រាក។

រស់ ជុំ បានរៀបរាប់ពីរឿងរ៉ាវជីវិតនៅសម័យនោះប្រាប់ដល់អ្នកស្ម័គ្រកម្ពុជា ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យអារឈើ និងកាប់ព្រៃឈើសម្រាប់ធ្វើរោងដាក់ស្រូវ។ លោកខំប្រឹងធ្វើដោយគ្មានការឈប់សម្រាក បរិភោគមិនគ្រប់គ្រាន់ និងចាកចេញឆ្ងាយពីក្រុមគ្រួសារ៕

សម្ភាសន៍ដោយ ភេទ សុភីម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin