អ្នកជំងឺត្រូវបានសម្លាប់ដោយសារឈឺយូរពេក
(ស្វាយរៀង) ៖ ប្រាក់ យិន មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅក្នុងរបបខ្មែរក្រហម យិន មានអាយុប្រមាណ១៨ឆ្នាំ។ គាត់ត្រូវបានអង្គការឲ្យទៅរស់នៅក្នុងកងចល័តជាមួយយុវនារីដទៃនៅស្រុកកំណើតដោយត្រូវធ្វើការជាកងចល័តធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយ។ យិន ត្រូវធ្វើការពីម៉ោងប្រាំមួយព្រឹក រហូតដល់ប្រាំល្ងាច និងមានថ្ងៃខ្លះត្រូវបន្តធ្វើពីម៉ោងប្រាំមួយរហូតដល់ម៉ោងដប់យប់។ ដោយសារតែគាត់មានជំងឺខ្វាក់មាន់គាត់មានការលំបាកក្នុងការធ្វើដំណើរពេលយប់ហើយមានថ្ងៃខ្លះគាត់បានដើរដួល។
នៅថ្ងៃមួយនៅសហករណ៍ទួលជ័រ យិន មានជំងឺក្តៅខ្លួនខ្លាំងមិនអាចទៅធ្វើការបានត្រូវអង្គការបញ្ជូនទៅសម្រាកពេទ្យ។ គាត់សម្រាកបានបីថ្ងៃជំងឺមិនបានធូរស្បើយ ព្រោះគាត់ត្រូវបានគ្រូពេទ្យផ្តល់ឲ្យតែទឹកថ្នាំផ្សំពីឫសឈើ និងថ្នាំគ្រាប់ដែលមានរាងមូលដូចអាចម៍ទន្សាយប៉ុណ្ណោះ។ នៅអំឡុងពេលសម្រាកនៅពេទ្យ យិន បានឃើញអ្នកជំងឺម្នាក់ដែលឈឺយូរមានសភាពហើមមុខ និងក្តៅខ្លួនខ្លាំងត្រូវបានអង្គការនាំយកទៅសម្លាប់នៅមន្ទីរសន្តិសុខក្នុងបរិវេណវត្តស្វាយទទឹម។ យិន និយាយបន្តថា ធ្លាប់ឮទាហានខ្មែរក្រហមក្មេងៗនិយាយាថា អ្នកជំងឺទុកក៏មិនចំណេញដកចេញក៏មិនខាត។ ពេលគាត់បានឃើញហេតុការណ៍នេះ មានការភិតភ័យជាខ្លាំង និងបានគិតក្នុងចិត្តថា ថ្ងៃណាមួយនឹងដល់វេណគាត់។ មួយថ្ងៃក្រោយមកយិន បានស្នើសុំទៅអង្គការដើម្បីអាចទៅធ្វើការងារវិញ បាន។
ក្រោយចេញពីពេទ្យ យិន ត្រូវប្រើឲ្យធ្វើការងារដែលអង្គការគិតថា ជាការងារស្រាលគឺត្រូវទៅប្រមូលលាមកតាមបង្គន់នានាក្នុងសហករណ៍ ដើម្បីយកមកទុកធ្វើជីលេខមួយសម្រាប់ដាក់ស្រូវ។ គាត់ត្រូវដើរកើបលាមកតាមបង្គន់នានាយកមកហាល និងយកមកបុកលាយជាមួយរុក្ខជាតិផ្សេងៗយកទៅដាក់ស្រែ។
នៅឆ្នំា១៩៧៨ យិន និងគ្រួសារត្រូវបានអង្គការជម្លៀសពីស្រុកកំណើតឲ្យទៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនោះ យិន ត្រូវធ្វើការច្រូត និងជញ្ជូនស្រូវយកទៅទុកក្នុងឃ្លាំងស្រូវសហករណ៍។ ក្រោយមក យិន និងយុវនារី១៣នាក់ ត្រូវបានផ្លាស់ឲ្យទៅជីកទំនប់ដែលអង្គការកំណត់ម្នាក់ពីរម៉ែត្រគីបក្នុងមួយថ្ងៃ។ ដើម្បីសម្រេចបានតាមផែនការនេះគាត់ត្រូវធ្វើការពីម៉ោងប្រាំព្រឹករហូតដល់យប់។
យិន និយាយទាំងសម្តីដើមថា៖ “តាមកម្លាំង និងរបបអាហារដែលទទួលបាននៅសម័យនោះ ខ្ញុំមិនអាចជីក និងរែកដីពីរម៉ែត្រគីបក្នុងមួយថ្ងៃបានទេ ប៉ុន្តែដោយសារខ្លាចមិនទទួលបានរបបអាហារ និងត្រូវគេសម្លាប់ខ្ញុំត្រូវខិតខំធ្វើ រហូតបន្សល់ទុកជំងឺដល់សព្វថ្ងៃ”។
បងប្រុស យិន ចំនួនពីរនាក់ជាទាហានខ្មែរក្រហមត្រូវបានសម្លាប់ ដោយអង្គការចោទប្រកាន់ថា បានចូលដៃជាមួយវៀតណាម។ គាត់មានការសោកស្តាយ និងសង្វេកជីវិតបងប្រុសជាពន់ពេក។
បច្ចុប្បន្ន យិន មានជំងឺតម្រង់នោម និងជំងឺសន្លាក់ដៃជើង។ គាត់ត្រូវធ្វើដំណើរដោយប្រើឈើច្រត់ជាជំនួយ។
យិន បានតាមដានដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម។ គាត់យល់ថា តុលាការខ្មែរក្រហមបានចូលរួមទប់ស្កាត់របបដ៏ខ្មៅងងឹតនេះកុំឲ្យត្រឡប់មកវិញជាថ្មីម្តងទៀតលើទឹកដីប្រទេសកម្ពុជា។
សម្ភាសន៍ដោយ សេន វាសនា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤