ជីវិតពោរពេញទៅដោយភាពជូរចត់

ញឹក ឡូត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(កំពង់ឆ្នាំង)៖ ញឹក ឡូត អាយុ ៧៣ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នករស់រានមានជីវិតក្រោមរបបខ្មែរក្រហម នឹងបានរួចផុតពីសេចក្តីស្លាប់ដោយសារការរត់គេចខ្លួនទៅប្រទេសថៃ។ នៅក្នុងវ័យ ១៩ឆ្នាំ​​ ឡូត បានធ្វើការនៅទីរួមខេត្តកំពង់ឆ្នាំង ខណៈពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងតំបន់នោះ។

ឡូត ព្រមទាំងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីទីលំនៅស្ថាន។ ក្រុមគ្រួសាររបស់​គាត់បានបែកបាក់គ្នានៅភូមិថ្នល់ គ្រាដែលគាត់​ ត្រូវបានចូលធ្វើជាកងចល័ត ដែលតម្រូវឲ្យធ្វើស្រែ ដាំដំឡូង ជីកប្រឡាយ និងទំនប់។ ការងារទាំងអស់នេះត្រូវការការបរិភោគគ្រប់គ្រាន់ ផ្ទុយមកវិញ គាត់បានត្រឹមតែហូបបបររាវដូចទឹក តែប៉ុណ្ណោះធ្វើឲ្យរាងកាយមានសភាពស្គម និងងាយឆ្លងជំងឺផ្សេងៗ។

គាត់បន្តដំណើរជីវិតដល់ខេត្តកោះកុងដើម្បីធ្វើស្រែ លើកភ្លឺស្រែ កាប់ដី។ គាត់ក៏បានធ្លាក់ខ្លួនឈឺ ដោយគ្មានថ្នាំព្យាបាល គ្មានការសម្រាក ក៏ដូចនឹងមនុស្សជាច្រើននាក់ដែលធ្លាក់ខ្លួនឈឺ គ្រុនញាក់ញ័រ បែបជាត្រូវមេកងចោទថា “គ្រុនសតិអារម្មណ៍” ដោយគ្មានសេចក្តីមេត្តា។ អ្វីៗដែលគាត់បានដាំ និងត្រីដែលចាប់បានគឺ មិនអាចបរិភោគបាននោះទេ ដោយចាត់ទុកថាជារបស់សមូហភាព។ មនុស្សនៅក្នុងកងចល័តជាមួយគាត់ត្រូវបានខ្មែរក្រហមយកទៅរៀន (វាយសម្លាប់) ដោយមិនមាននរណាម្នាក់ហ៊ានសួរដេញដាលនោះទេ។

សម័យនោះមានតែសម្លៀកបំពាក់ពណ៌ខ្មៅ ២ឈុត និងក្រមាមួយប៉ុណ្ណោះ។ ជីវិតពោរពេញទៅដោយភាពជូរចត់ រងទុក្ខវេទនាឥតល្ហែ។ ថ្ងៃមួយ ឡូត តម្រូវឲ្យទៅបេះបន្លែ ឆ្លៀតឱកាសនោះ គាត់បានសម្រេចចិត្តរត់ទៅប្រទេសថៃ បន្ទាប់មកគាត់​ត្រូវបានបញ្ជូនទៅរស់នៅក្នុងជំរុំខាវអុីដាង និងបានផ្លាស់ប្តូរមកបន្ទាយត្រពាំងចាន់ ដែលជាចលនាដឹកនាំដោយអ្នកនយោបាយ សឺន សាន។ ខណៈពេលរបបខ្មែរក្រហមបានដួលរលំ គាត់បានធ្វើមាតុភូមិនិវត្តន៍ ដោយមានការផ្គត់ផ្គង់ពីអង្គការបរទេស​ និងប្រើប្រាស់កង់ចាស់មួយក្នុងការរកប្រាក់ចំណូលបន្ថែម។ គាត់បានបន្តដំណើរទៅស្រុកស្វាយស៊ីសាផុន ដើម្បីសួររកដំណឹងឪពុកម្តាយបងប្អូនតែគ្មានដំណឹង គាត់ក៏សម្រេចចិត្តវិលត្រឡប់មកស្រុកបរិបូណ៍វិញ បងប្អូនប្រុសស្រី ៤នាក់បានស្លាប់បាត់បង់ជីវិតនៅសល់តែគាត់ និងបងស្រី។

អំពើប្រល័យពូជសាសន៍ដែលកើតឡើងនៅកម្ពុជាបានធ្វើឲ្យ ឡូត ព្រាត់ប្រាសគ្រួសារ មានស្នាមរបួសដិតដាមមកទល់សព្វថ្ងៃ។ នេះជាលទ្ធផលរបស់របបខ្មែរក្រហមដែលបានបន្សល់ទុក និងកែប្រែវាសនារបស់មនុស្សរាប់លាននាក់ទៀត ព្រមទាំងធ្វើឲ្យប្រទេសកម្ពុជាជួបទុក្ខលំបាកក្នុងការអភិវឌ្ឍ នៅគ្រប់វិស័យទាំងអស់ និងត្រូវចំណាយពេលជាច្រើនទសវត្ស៍ក្នុងការកសាង។ ជាភ្វ័ពសំណាងកម្ពុជាមានការជ្រោមជ្រែងពីប្រទេសជាមិត្ត និងជំនួយសប្បុរសធម៌ជាច្រើនមកដល់ពេលបច្ចុប្បន្ននេះ៕

សម្ភាសន៍ដោយ បឿន ស្រីនិច នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ 

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin