មិនលត់ដំ មិនលះបង់

ណែម វើន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ណែម វើន មានវ័យ៦០ឆ្នាំ ជាកសិករ​រស់នៅភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ គាត់​ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុង​ជំនាន់​ខ្មែរក្រហម គាត់ស្ថិតនៅវ័យកុមារ ដោយធ្វើការលើកទំនប់ ជីកប្រឡាយ ដាំស្ពៃ​​ ជញ្ជូនស្រូវទាំងយប់ ដោយឃ្លាតឆ្ងាយពីឪពុកម្តាយ។

គាត់រស់នៅដោយបរិភោគបបរលាយជាមួយស្លឹកម្រេច មួយថ្ងៃពីរពេល ហើយខ្មែរក្រហមថា គាត់ “មិនលត់ដំ មិនលះបង់” នៅពេលដែលគាត់មិនចេះហូប និងគ្មានកម្លាំងក្នុងការធ្វើ។ គាត់បានចាំអំពីរឿងរ៉ាវគ្រួសារមួយដែលខ្មែរក្រហមចោទថា “គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ ស៊ីបាយបាន” ត្រូវបានគេយកទៅរៀនសូត្រ ដោយគាត់ស្មានតែគេយកទៅរៀនអក្សរ តែអ្នកទាំងនោះបានបាត់ដំណឹងសូន្យមិនឃើញវិលវិញនោះទេ។​ នៅក្នុងជំនាន់​នោះ សូម្បីតែបាក់ចេកមួយដើម ក៏គេយកទៅកសាងដែរ។​ គាត់បានលើកឡើងថា ខ្មែរក្រហមតឹងតែងខ្លាំងណាស់។​​ នៅសម័យនោះគេប្រជុំតាមអង្គមេទិញ ម្នាក់ៗសក់ខ្លីទាំងអស់ ស្លៀកពាក់ពណ៌ខ្មៅ គ្មានទេកម្មសិទ្ធិឯកជន អ្វីៗយកដាក់ឃ្លាំងទាំងអស់។

នៅពេលអ្នកស្ម័គ្រកម្ពុជាចុះទៅសាកសួរពីបញ្ហាសុខភាពរបស់គាត់ និងរឿងរ៉ាវដែលទាក់ទងនឹងសម័យកម្ពុជាប្រជាធិបតេយ្យ គាត់លើកឡើងថាគាត់បានឆ្លងកាត់ផ្ទាល់ ជួបទុក្ខលំបាកវេទនាជាខ្លាំង ដោយធ្វើការគ្មានពេលឈប់សម្រាក ហូបមិនគ្រប់គ្រាន់ មិនបានជួបជុំគ្រួសារ អ្វីៗត្រូវបានជាសមូហភាព គ្មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់។ សំណង់ដូចជា សាលារៀន វត្តអារាម ត្រូវបានវាយកម្ទេចចោល។

នៅវ័យ១៥ឆ្នាំ គាត់ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើពេទ្យ ដែលត្រូវទទួលខុសត្រូវក្នុងការផលិតថ្នាំព្យាបាលរោគផ្សេងៗ។ ជីវភាពប្រចាំថ្ងៃរបស់លោកស្រី ជួបការលំបាក ដោយមានជំងឺប្រចាំកាយដូចជា ដុំពកករ​​ និងឈឺសន្លាក់ដៃជើង រួមទាំងខ្វះថវិកា និងមណ្ឌលសុខភាពនៅឆ្ងាយ។ ជាចុងក្រោយគាត់​ មានការសប្បាយចិត្តដែលមានអ្នកស្ម័គ្រចិត្តបានចុះសួរនាំទាក់ទងនឹងសម័យខ្មែរក្រហម ធ្វើឲ្យគាត់បាននិយាយរឿងពីក្នុងចិត្ត ឲ្យអ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ៕

សម្ភាសន៍ដោយ ភេទ សុភីម នៅថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin