ខ្មែរក្រហមហៅខ្ញុំជាប្អូនជនក្បត់ នៅពេលបងប្អូនខ្ញុំរត់ទៅប្រទេសថៃ

លួន អុី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ លួន អុី មានអាយុ៥៧ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារដែលជាស្រុកកំណើតតាំងពីសម័យសង្គមរាស្ត្រនិយម។ នៅមុនការចូលមកដល់របបផ្ដាច់ការខ្មែរក្រហម បង គាត់ក្នុងចំណោមបងប្អូនប្រុសស្រី ៧នាក់ បានរត់ទៅប្រទេសថៃ។ ខ្មែរក្រហមបានហៅគាត់ថា ជាប្អូនជនក្បត់ នៅពេលដែលគាត់មិនដឹងឬស្គាល់ថា អ្វីជាពាក្យថាក្បត់។

បន្ទាប់មកខ្មែរក្រហមបានបំបែកបំបាក់គាត់ចេញពីឪពុកម្តាយឲ្យទៅរស់នៅតាមមណ្ឌលកុមារ។ នៅទីនោះមានគ្រូមើលការខុសត្រូវ។ កុមារដែលមានវ័យប្រហែលគាត់ ត្រូវធ្វើការរួម និងហូបរួម។ លួន អុី ត្រូវបានគ្រូចាត់តាំងឲ្យទៅធ្វើពលកម្ម ដូចជាលើកទំនប់ ស្ទូងស្រូវ រែកជីដាក់ស្រែ ដកសំណាប ដែលខ្មែរក្រហមដាក់កម្រិតមួយនាក់ប្រាំដំប ឬប្រាំកណ្តាប់សំណាប។ គាត់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា​ «កាលនោះគាត់នៅតូច មិនដឹងថាដំបមានន័យថាយ៉ាងម៉េចផង គាត់ចេះតែដកទៅ»។

នៅពេលលឺស្នូរជួងម្តងៗ គាត់ត្រូវរត់ទៅហូបបបរ ឬបបរផិលាយជាមួយមើមក្ដួច និងដើមចេក។ ដោយសារគាត់នៅតូចពេក គ្រូរបស់គាត់បានជួយលើកគាត់ដាក់អង្គុយដើម្បីហូបបបរ គាត់ថា«ពេលខ្លះទៅទាន់ក៏បានឆ្អែត ទៅមិនទាន់គឺអត់បានហូប»។

បន្ទាប់ពីហូបបបរពេលល្ងាចរួច យប់ឡើងគាត់បានបន្តទៅបិទទំនប់តាមដងស្ទឹងជាមួយគ្រូ។ ដោយឡែកពេលថ្ងៃ អុី ត្រូវទៅស្ទូងស្រូវ ជាមួយមនុស្សចាស់ៗ មកពីក្រុមដទៃ។ មួយថ្ងៃគាត់បានត្រឹមតែអាហារពីរពេលប៉ុណ្ណោះ តែការងារវិញគឺច្រើនម៉ោង។ ជួនកាល​ អុី នឹកម្តាយដែលរស់នៅផ្ទះតាមភូមិ មិនឆ្ងាយប៉ុន្មានពីមណ្ឌលកុមារនោះ គាត់ថាចង់ទៅជួបណាស់ តែខ្មែរក្រហមមិនអនុញ្ញាតនោះទេ។ ក្រៅពីម៉ោងការងារ ខ្មែរក្រហមឲ្យកុមារនៅតាមមណ្ឌលបានរៀនអក្សរខ្លះដែរ  តែគាត់រៀនមិនចេះ។

ជាចុងក្រោយគាត់សង្ឃឹមថា នៅសម័យបច្ចុប្បន្នកូនចៅជំនាន់ក្រោយបានរៀនចេះដឹង និងកុំឲ្យរបបខ្មែរក្រហមកើតឡើងសារជាថ្មីម្តងទៀត៕

សម្ភាសន៍ដោយ ធួក សែល នៅថ្ងៃទី២៨  ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin