មិនចង់ឲ្យមានរបបខ្មែរក្រហមវិញនោះទេ

កើត ផូរ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ កើត ផូរ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ សព្វថ្ងៃមានអាយុ ៦៣ឆ្នាំ បានរៀបរាប់នូវព្រឹត្តិការណ៍ដែលកើតមានឡើងនៅជំនាន់ខ្មែរក្រហមដើម្បីឲ្យអ្នកជំនាន់ក្រោយបានដឹង និងចងចាំអំពីរបបប្រល័យពូជសាសន៍ដ៏សែនលំបាកមួយនេះ។

នៅសម័យនោះ ប្រជាជនខ្មែរតម្រូវឲ្យហូបរួម និងធ្វើការរួមគ្នា។ ខ្មែរក្រហមបានចោទប្រកាន់ អ្នកដែលឈឺ ថាជាជំងឺសតិអារម្មណ៍ ហើយត្រូវតែបន្តធ្វើការឥតឈប់សម្រាករហូតដល់មានអ្នកបាត់បង់ជីវិតដោយសារបាក់កម្លាំង។ កើត ផូរ បានលើកឡើងថា «មិនចង់បានអាពតវិញទេ ព្រោះយើងពិបាកខ្លាំងពេក» ដូចជា ការចែកអង្ករហូបមិនឆ្អែត។ ប្រជាពលរដ្ឋមួយចំនួនក៏បង្ខំចិត្តលួចហូបមាន់ទា ដែលចិញ្ចឹមតាមផ្ទះ ចៃដន្យត្រូវកងឈ្លប់ឃើញនិងយកធ្វើការសតិអារម្មណ៍ ដែលមានន័យថាសម្លាប់។

របបប៉ុលពត បានធ្វើទារុណកម្មប្រជាជនថ្មី ឬអ្នកជម្លៀសមកពីក្រុងភ្នំពេញ។ ខ្មែរក្រហមបានធ្វើស្ថិតិនៅតាមភូមិ បន្ទាប់មកចាប់អ្នកភ្នំពេញ ដោយកូនក្មេងត្រូវដឹកតាមរទេះគោ ចំណែកមនុស្សចាស់ ខ្មែរក្រហមចងស្លាបសេក បណ្តើរយកទៅវាយចោលនៅឯស្រែប្រាសាទ។ នៅពេលគាត់កំពុងឃ្វាលគោ គាត់បានឃើញផ្ទាល់ភ្នែកអំពីការសម្លាប់ដោយវាយដាក់ក្នុងអន្លង់។ សូម្បីតែអ្នកស្រុកធ្វើខុស ឬដឹងរឿងសម្ងាត់អ្វីមួយក៏គេសម្លាប់ចោលដែរ។ ផូរបានបញ្ជាក់ថា «គេថាប្រើបានបី មានមួយរាយការណ៍»។ ដូច្នេះពេលប្រជុំម្តងៗ ប្រធានភូមិបានប្រាប់ឲ្យគាត់ដាំដើមគ ក្នុងន័យឲ្យគាត់ធ្វើគធ្វើថ្លង់ កុំឲ្យចេះដឹងទើបបានរស់។ ម៉្យាងទៀតទាក់ទងនិងសុខភាពរបស់ស្ត្រីនៅសម័យនោះ ដែលគ្មានក្រណាត់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ត្រូវបានបំភ្លេច ឬមិនសូវមានការលើកឡើងឡើយទាក់ទងនិងបញ្ហានេះ។

នៅមុនរបបខ្មែរក្រហម នៅឆ្នាំ ១៩៧២ កើត ផូរ បានចូលរៀនថ្នាក់ទី ១២ ចាស់ និងបន្ទាប់មកចូលក្រុមសិល្បៈនៅតាមស្រុកស្ថិតតំបន់ ១០២ នាអាយុ ១៣ ឆ្នាំ។ ប៉ុន្មានឆ្នាំក្រោយមក ផូរ ត្រូវបានខ្មែរក្រហមចាប់បង្ខំឲ្យរៀបការ។ នៅក្រោយឆ្នាំ ១៩៧៩ គាត់ថា យៀកកុង (កងទ័ពវៀតណាម) មករំដោះប្រទេស ដែលក្នុងជំនាន់នោះបងប្អូនរបស់គាត់ជាច្រើននាក់ បានបាត់បង់ជីវិតនៅពេលធ្វើជាទាហាន។ សព្វថ្ងៃសល់តែ ៣ នាក់បងប្អូនប៉ុណ្ណោះ។

ជាចុងក្រោយ អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានសួរទាក់ទងនឹងសុខភាព ស្ថានភាព និងសេដ្ឋកិច្ចគ្រួសារ ក្រោមគម្រោងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ផូរ បានប្រាប់ថាគាត់មានជំងឺប្រចាំកាយ ដូចជាលើសឈាម លើសជាតិស្ករ និងមានចុកក្រពះពោះវៀនម្តងៗ ដែលភាគច្រើននៃអ្នករស់រានជីវិតពីរបបខ្មែរក្រហមមានជំងឺទាំង៣ ខាងលើ ដែលអ្នកទាំងនោះត្រូវការយកចិត្តទុកដាក់ពីសង្គមទាំងមូល៕

សម្ភាសន៍ដោយ អ៊ុន រក្សា នៅថ្ងៃទី១២  ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin