យោធាដេញបាញ់ ដោយសារផ្លែគមួយផ្លែ
(បាត់ដំបង)៖ អុឹម សាលី អាយុ៥៦ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបមុខរបរជាអ្នកលក់ត្រី។ ភូមិរបស់គាត់ត្រូវបានគ្រប់គ្រងដោយខ្មែរក្រហមចាប់តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំដដែល ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនទៅធ្វើការនៅតាមការដ្ឋាន ពីភូមិមួយទៅភូមិមួយ ដើម្បីបង្កើតជា សហករណ៍ធ្វើការរួម និង ហូបចុករួម ដែលមានកងឈ្លបជាអ្នកមើលការខុសត្រូវ។ ការងារនៅក្នុងសហករណ៍មានដូចជាកាប់ព្រៃ លើកភ្លឺស្រែ ធ្វើចម្ការ និងដាំដំឡូងជាដើម។
ការដ្ឋាន នៅសម័យនោះអាចមានន័យថា ជាកន្លែងធ្វើការផង និងកន្លែងហូបបាយផង។ ខ្មែរក្រហម បែងចែកមនុស្សជាបីប្រភេទ កម្លាំងស្រួច ឬកងចល័ត ក្រុមកុមារ និងក្រុមចាស់ជរា។ ក្រុមកុមារ ត្រូវធ្វើការស្ទូងស្រូវ និងលើកទំនប់ ជាដើម។ កាលនោះ សាលី មានវ័យប្រហែល ១៤ឆ្នាំ ដែលត្រូវជីកប្រឡាយ លើកប្រព័ន្ធភ្លឺស្រែ មានកម្ពស់កន្លះម៉ែត្រ មួយព្រឹកលើកឲ្យបានបីម៉ែត្រ។ ប្រសិនបើធ្វើមិនបាន ការហូបចុកនឹងត្រូវបានកាត់បន្ថយ។ គាត់បន្តថា នៅក្នុងសម័យនោះ គ្មានសេរីភាពក្នុងការដើរហើរនោះទេ។ ដល់ម៉ោងបាយ ប្រជាជនត្រូវយកចានផ្ទាល់ខ្លួនទៅរោងបាយ ដែលកាលនោះនៅឆ្នាំ ១៩៧១នៅឡើយ។
ឆ្នាំ១៩៧២ ខ្មែរក្រហមចាប់ផ្តើមឲ្យប្រជាជនហូបបបរវិញ ឬបង្អត់អាហារ និងប្រមូលសម្ភារៈតាមផ្ទះ ដូចជាមាសប្រាក់ វិទ្យុ សម្រាប់ប្រើប្រាស់រួម។ តែការពិត កម្មាភិបាលខ្មែរក្រហមបានប្រមូលទុកជាកម្មសិទ្ធិផ្ទាល់ខ្លួន។ នៅឆ្នាំដដែល សាលីបានបាយសម្រាប់អាហារពេលព្រឹក និងល្ងាចបានបបរ។ រៀងរាល់ម៉ោងបួនភ្លឺ កងកុមារត្រូវងើបទៅធ្វើការ ក្រោយពីលឺសម្លេងជួង។ ខ្មែរក្រហមបានវាស់ម៉ែត្រ និងបោះបង្គាលបីម៉ែត្រ សម្រាប់បំពេញការងារមួយព្រឹក តែបើបានប្រាំមួយម៉ែត្រ ល្ងាចឡើងមិនចាំបាច់ធ្វើការ តែហាមមិនឲ្យទៅណានោះទេ។ នៅចុងឆ្នាំ១៩៧២ ខ្មែរក្រហមចាប់ផ្តើមស្រាវជ្រាវប្រវត្តិរូប និងចាប់មនុស្សដែលធ្វើការនៅសម័យ លន់ នល់យកទៅសម្លាប់ចោល។ សាលី បានបញ្ជាក់ថា ខ្មែរក្រហមស្អប់ការបែងចែកវណ្ណៈ ជាពិសេស«ពួកសក្ដិភូមិ»។
នៅឆ្នាំ១៩៧៣ សាលី បានស្នើសុំប្រធានយោធាចូលក្នុងកងចល័ត ដែលបានរបបបាយច្រើនជាងកងកុមារ។ តែមិនយូរប៉ុន្មាន គាត់និងអ្នកទាំងអស់បានត្រឹមតែបបរប៉ុណ្ណោះ។ ថ្ងៃមួយ សាលី ឃ្លានពេក បានទៅលួចហូបស្រូវ ដោយមិនដឹងថាយោធានៅឃ្លាំមើលពីលើចុងឈើ គាត់ត្រូវបានចាប់ចងយកទៅយោធាគណៈតំបន់ ដោយគ្មានសង្ឃឹមថាបានរស់រានមានជីវិតនោះទេ ជាសំណាងល្អមេយោធាម្នាក់នោះក៏បានដោះលេងគាត់។ រឿងមួយទៀត គាត់បានបេះផ្លែគ យោធាក៏បានដេញបាញ់ពីក្រោយ និងចាប់ខ្លួនគាត់ឃុំឃាំងកន្លះខែ។ ពូមីងរបស់គាត់ចំនួនប្រាំបីនាក់ត្រូវបានយកទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។ នៅក្នុងសម័យនេះ សូមបីតែក្នុងគ្រួសារតែមួយ ក៏ពុំមានការទុកចិត្តគ្នាទៅវិញទៅមកនោះដែរ។
ជាចុងក្រោយ សាលី យល់ថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមជារឿងត្រឹមត្រូវ ទៅតាមច្បាប់អន្តរជាតិ។ គាត់គិតថាគួរតែមានការចងក្រងជាឯកសារ ឬសារមន្ទីរ និងការអប់រំនៅតាមសាលារៀន ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងពីប្រវត្តិសាស្ត្រ មិនគួរឲ្យបាត់បង់នោះទេ នៅពេលចាស់ៗដូចរូបគាត់លាចាកពីលោកនេះទៅ៕
សម្ភាសន៍ដោយ លឿប សុផៃលីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស៊្រាង លីហ៊ួរ