គ្រួសារខ្ញុំស្ទើរតែវាយចោលនៅអាងកំពីងពួយ

ហម ហឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(បាត់ដំបង)៖ ហម ហឿន អាយុ ៦៩ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ជាកងយុវជន ហម ហឿន ដែលប្រហែលអាយុ ១៦ឆ្នាំនៅសម័យនោះ ត្រូវដើរទៅជីកទំនប់ជាក្រុម ដូចជានៅអាងកំពីងពួយ អាងអូរតាគី និងអាងតំាងម៉ែ សរុបទៅគ្រប់ច្រករហកទាំងអស់ នេះបើតាមការចងចាំរបស់គាត់។ គាត់និងសមាជិកក្នុងកងយុវជន ទទួលបានរបបអាហារអង្ករមួយថ្ងៃមួយកំប៉ុងទឹកដោះគោ(ប្រហែលជា ៣០០ក្រាម) សម្រាប់ដាំបបរហូប។ ចំណែកក្មេងៗវិញ ត្រូវទៅធ្វើជីធម្មជាតិ ដូចជាកាប់ទន្ទ្រានខេត្រជាដើម។ បើនរណាម្នាក់មិនធ្វើតាមបញ្ជារបស់ខ្មែរក្រហម នឹងត្រូវសម្លាប់ចោល ឬយកទៅកសាង។

នៅអាងកំពីងពួយ មានការកាប់សម្លាប់មនុស្សជាច្រើននាក់នៅទីនោះ។ គាត់បញ្ជាក់ថា នៅសល់តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលគ្រួសាររបស់គាត់នឹងត្រូវបានសម្លាប់ចោលទាំងពូជនៅអាងកំពីងពួយដូចប្រជាជនឯទៀតដែរ។ ជាសំណាងល្អ កងទ័ពវៀតណាមចូលមករំដោះទាន់ពេលវេលា ទើបក្រុមគ្រួសារគាត់បានរស់រានមានជីវិតមកទល់សព្វថ្ងៃ។ គាត់បានបញ្ជាក់ថា «កុំអីគេវាយចោលដាក់ក្នុងស្រះទាំងគ្រួសារ ប្រមាណពីរបីខែទៀត សាកសពពេញមួយស្រះហ្នឹងហើយ»។

ជាចុងក្រោយ ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គាត់មិនមានមតិយោបល់អ្វីនោះទេ ដោយសារគាត់មិនបានតាមដាននូវដំំណើរការកាត់ក្តី៕

សម្ភាសន៍ដោយ លឿប សុផៃលីន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin