ហូបដើមចេកដើម្បីរស់

ជុំ ឆក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ជុំ ឆក មានអាយុ ៥០ឆ្នាំ រស់នៅភូមិបុះ ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។

ចំពោះការងារប្រចាំថ្ងៃរបស់គាត់នៅសម័យនោះ ខ្មែរក្រហមតម្រូវឲ្យគាត់បោចស្មៅតាមវាលស្រែ ពេលខ្លះគាត់ត្រូវ​បានឈ្លើងទាម។ បន្ទាប់មក គាត់ត្រូវទៅកាប់ដើម      ទន្រ្ទាន​ខេត្ត សម្រាប់ធ្វើជី និងលើកទំនប់ ជាមួយកងសហករណ៍នៅអាយុប្រហែល ៥-៦ឆ្នាំ។ ក្រោយមកទៀត ខ្មែរក្រហមក៏បានបញ្ជាឲ្យគាត់ និងអ្នកឯទៀតជញ្ជូនសម្ភារៈ សម្រាប់សង់បង្គន់ធ្វើពីឈើ ដែលមានស្លឹកបាំងជុំវិញ ហើយ​មានផេះនៅពីខាងក្រោម។

ជុំ ឆក នៅចងចាំមិនភ្លេចអំពីការហូបចុកនៅសម័យនោះ គ្មានអ្វីក្រៅពីដើមចេក និងគល់ល្ហុង លាយជាមួយបបរនោះទេ។ សូម្បីតែត្រី និងសត្វដែលគាត់ចិញ្ចឹម ត្រូវដាក់ជារបស់រួម ឬរបស់អង្គការ។ អង្គការមិនអនុញ្ញាតឲ្យបរិភោគជាដាច់ខាត អ្វីៗត្រូវដាក់ជាសមូហភាព។

ការបង្កាត់ភ្លើងសម្រាប់ចម្អិនត្រូវបានហាមឃាត់ បើខ្មែរក្រហមឃើញមានផ្សែង កងឈ្លបនឹងមកសួរនាំ វាយដំធ្វើបាបឲ្យសារភាព។ សូម្បីតែមើមប៉ិកគួក ក៏គាត់មិនហ៊ានលួចហូបដែរ ដោយសារខ្លាចខ្មែរក្រហមយកគាត់ទៅវាយចោល។​ វាជារឿងរ៉ាវមួយ ដែលធ្វើឲ្យគាត់ឈឺចាប់នៅពេលនឹកឃើញ និងស្រមៃអំពីការអត់ឃ្លាននៅសម័យនោះ។

ឆក ត្រូវរស់នៅដោយភាពភ័យខ្លាច។ ទោះបីជាគាត់មិនបានឃើញផ្ទាល់ភ្នែកក៏ដោយ គាត់នៅតែមានភាពតក់ស្លុតនៅពេលខ្មែរក្រហមនិយាយអំពីការយកមនុស្សទៅរៀនសូត្រ។ ដោយការហូបចុកមិនគ្រប់គ្រាន់ ជាមួយអាហារមួយថ្ងៃពីរពេល នៅពេលព្រឹក និងពេលល្ងាច ដែលធ្វើឲ្យគាត់មានជំងឺក្រពះ ពោះវៀនតាំងពីវ័យកុមារភាព។

សព្វថ្ងៃ ឆក មានជំងឺប្រចាំកាយ និងមានភាពតានតឹង នៅពេលដែលគ្រួសាររបស់គាត់ហូបស្រា។ ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់គាត់ ជាច្រើនឆ្នាំមកនេះ ពុំមានភាពប្រសើរនោះទេ ជាពិសេសអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩៕

សម្ភាសន៍ដោយ ថា សុខឃីម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin