ស្រលាញ់ក៏ដោយ មិនស្រលាញ់ក៏ដោយ

ឈុន ណាត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ឈុន ណាត អាយុ ៦១ ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ណាត ជាកងចល័តម្នាក់ ដែលស្នាក់នៅតាមព្រៃ ដើម្បីកសាងផ្លូវ លើកទំនប់ ធ្វើស្រែ ដាំដំឡូង រហូតដល់ពេលយប់ជ្រៅប្រហែលជាម៉ោង ១១ អាធ្រាត្រ ទើបគាត់បានសម្រាកនាសម័យនោះ។ អ្វីដែលគាត់ទទួលបានគឺ អាហារដែលគ្មានជីវជាតិ និងតិចតួចប៉ុណ្ណោះ។ ណាត​ បានបញ្ជាក់ថាគាត់ត្រូវបាន “គេប្រើគ្រប់សព្វបែបយ៉ាង” តាំងពីអាយុ ១៤ ឆ្នាំ។ មនុស្សមូយភូមិត្រូវធ្វើការទាំងយប់ទាំងថ្ងៃ តាមផែនការរបស់អង្គការ​​ (ខ្មែរក្រហម)។

ឈុន ណាត មិនហ៊ានលួចអ្វីបន្ថែម សម្រាប់ហូបនោះទេ ព្រោះខ្លាចគេវាយធ្វើបាប នៅពេលកងឈ្លបចាប់បាន គាត់អាចនឹងត្រូវបានគេសម្លាប់ នេះគឺជាអ្វីដែលគាត់បានឃើញពេលអ្នកដទៃត្រូវបានវាយដំ ដោយសារតែដំឡូងមួយមើម។ គាត់បានរៀនសូត្របានខ្លះនាសម័យនោះក្រោមម្លប់ដើមឈើ នាសម័យនោះពុំមានសាលារៀនដែលមានការសិក្សាបានត្រឹមត្រូវនោះទេ ភាគច្រើនក្មេងដែលត្រូវទទួលបានការសិក្សារៀនសូត្រ ត្រូវបានតម្រូវឲ្យទៅធ្វើការងារមនុស្សពេញវ័យ។ នេះជាការបាត់បង់សិទ្ធិសេរីភាពក្នុងការទទួលបានចំណេះដឹងក្នុងវ័យដែលគាត់គួរទទួលបានសិក្សារៀនសូត្រ។

មួយឆ្នាំ​ ឈុន ណាត ទទួលបានសំលៀកបំពាក់ចំនួន ២ ឈុតតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ចំពោះការរៀបការវិញនាសម័យនោះ ណាត បានបញ្ជាក់ថា “ស្រលាញ់ក៏ដោយ មិនស្រលាញ់ក៏ដោយ” អ្នកទាំងនោះត្រូវតែធ្វើតាមការសម្រេចរបស់ខ្មែរក្រហម។

ការអប់រំក្មេងៗជំនាន់ក្រោយឲ្យបានយល់ដឹងពីរបបនោះ គឺជាការពារមិនឲ្យកើតឡើងវិញនូវអំពើប្រល័យពូជសាសន៍មួយនេះម្តងទៀត។ ឈុន ណាត មិនបានដឹង និងមិនយល់អំពីការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ដែលនេះជារឿងដែលគួរឲ្យសោកស្តាយចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៕

សម្ភាសន៍ដោយ កាត សារ៉ាត់ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin