កូនអាយុបីខែស្លាប់ដោយសារគ្មានទឹកដោះ
(ព្រៃវែង) ចេវ សាវ៉ែន មានអាយុ៥៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ គាត់មានបងប្អូនប្រាំពីរនាក់។ ក្នុងរបបខ្មែរក្រហមបងប្អូនជីដូនមួយប្រុសរបស់សាវ៉ែនពីរនាក់ ឈ្មោះ ស៊ាង ស៊ន និងឈ្មោះ ស៊ាង ក្ដឹប បានស្លាប់នៅពេលដែលអង្គការបញ្ជូនទៅធ្វើទាហានដើម្បីធ្វើសង្គ្រាមជាមួយវៀតណាម។
រឿងរ៉ាវដែល សាវ៉ែន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យធ្វើការគ្មានពេលសម្រាកប៉ុន្តែឲ្យហូបមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំព្យាបាលត្រឹមត្រូវ និងសម្លាប់មនុស្សដោយគ្មានកំហុស។
សាវ៉ែន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបខ្មែរក្រហម អង្គការបានលុបបំបាត់កម្មសិទ្ធិឯកជនទាំងទ្រព្យសម្បតិ្ត សម្ភារៈ និងដំណាំនៅតាមផ្ទះដែលមានតាំងពីសម័យមុនក៏មិនអាចហូបបានដែរ។ ទ្រព្យសម្បត្តិនិងសត្វពាហនៈទាំងអស់ជាកម្មសិទ្ធិអង្គការ។ ប្រជាជនណាដែលលាក់ទុករបស់របបទាំងនោះគឺជាខ្មាំងដែលត្រូវយកទៅអប់រំរៀនសូត្រឬសម្លាប់ចោល។ គាត់បន្តថា អង្គការបានប្រើប្រជាជនទាំងអស់ឲ្យធ្វើការរួមគ្នាដូចជាធ្វើស្រែ ចំការ រុករានដីព្រៃ ជីក និងរែកដីជាដើម។ អង្គការបានជ្រើសរើសអ្នកដាំស្លដើម្បីចម្អិនអាហារសម្រាប់ប្រជាជនទាំងអស់ ដែលទៅធ្វើការ និងត្រូវហូបបាយរួមក្នុងសហករណ៍រោងបាយ។ ម្នាក់ៗទទួលបានរបបអាហារដូចៗគ្នាក្នុងមួយថ្ងៃមានតែបបរពីរវែក សម្រាប់ពីរពេល។ គាត់នៅចាំថា ពេលគាត់រស់ភូមិក្រសាំង តាសាក់ និង តាសាង គឺជាអ្នកគ្រប់គ្រងផ្ទះបាយសហករណ៍។
អង្គការបានចែកសម្លៀកបំពាក់ឲ្យប្រជាជនម្នាក់មួយសម្រាប់។ នៅពេលខោអាវចាស់ៗរហែក គ្មានខោអាវថ្មីសម្រាប់ស្លៀកពាក់ទេក្នុងរបបនោះ។ សាវ៉ែត បន្តទៀតថា គ្រប់ៗគ្នាត្រូវធ្វើការទាំងក្មេងទាំងចាស់។ គាត់ត្រូវធ្វើស្រែ និងដកស្ទូងតាំងពីម៉ោងប្រាំពីរព្រឹក រហូតដល់ម៉ោងប្រាំល្ងាច ដោយបានសម្រាកតែមួយម៉ោងហូបអាហារថ្ងៃត្រង់។ នៅរដូវ ប្រាំង សាវ៉ែន និងយុវនារីផ្សេងទៀតត្រូវចល័តទៅឆ្ងាយៗពីភូមិដើម្បីជីក និងរែកដីធ្វើប្រព័ន្ធប្រឡាយ និងទំនប់ទឹកសម្រាប់ស្រោចស្របផលដំណាំក្នុងភូមិ។ ទោះបីជាឈឺក៏ត្រូវទៅធ្វើការងារដែរដើម្បីទទួលបានរបបអាហារ។ អ្នកជំងឺត្រូវអង្គការតាមដាន ប្រសិនបើឈឺយូរថ្ងៃមិនទទួលបានរបបអាហារទេ។ ចំណែកថ្នាំព្យាបាលវិញមានតែថ្នាំរាងដូចអាចម៍ទន្សាយប៉ុណ្ណោះទោះបីជាជំងឺអ្វីក៏ដោយ។
ក្រោយមកខ្មែរក្រហមបានជម្លៀស សាវ៉ែន និងគ្រួសារឲ្យទៅរស់នៅឯខេត្តបាត់ដំបង។ ដោយអង្គការបានប្រាប់ថា នៅទីនោះមានអាហារហូបគ្រប់គ្រាន់។ គាត់ និងគ្រួសាបានធ្វើដំណើរដោយថ្មើរជើងក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំងរហូតដល់ខេត្តបាត់ដំបង។ ពេលទៅដល់ទីនោះស្ថានភាពផ្ទុយស្រឡះពីអ្វីដែលអង្គការបានប្រាប់ព្រោះការរស់នៅ ការហូបចុក និងលក្ខខណ្ឌការងារ លំបាកខ្លាំងជាងនៅស្រុកកំណើតទៅទៀត។
ក្រោយរបបខ្មែរក្រហមដួលរលំ សាវ៉ែន និងគ្រួសារបានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ និងប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។
សាវ៉ែន ធ្លាប់មានជំងឺរបេង និងបច្ចុប្បន្នគាត់មានជំងឺក្រពះ និងជំងឺពោះវៀន។
សម្ភាសន៍ដោយ លាប សីយ៉ា ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤