បេ្ដជ្ញាចិត្តមួយហិចតាបីតោន
(ព្រះវិហារ)៖ ចាន់ ងួន អាយុ៧១ ឆ្នាំ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានកូនចំនួនពីរនាក់ និងបងប្អូនបងស្រីចំនួនប្រាំនាក់។ នាសម័យកម្ពុជាប្រជាធិបតេយ្យ នៅរដូវប្រាំង ងួន ត្រូវបានចាត់តាំងឲ្យទៅលើកទំនប់ និងជីកប្រឡាយ ចំណែកនៅរដូវវស្សា ខ្មែរក្រហមឲ្យគាត់ទៅស្ទូងស្រែទាំងយប់ទាំងថ្ងៃ រហូតដល់យប់អធ្រាត្រ។ គាត់បន្តរស់នៅទីកន្លែងកំណើត ដោយមិនត្រូវបានជម្លៀសទៅទីណានោះទេ ដោយខ្មែរក្រហមបានចាប់គាត់ដាក់ក្នុងក្រុមទី២ ទៅតាមផ្ទះរាប់ពីលិចទៅកើត។
ចាន់ ងួន មិនដែលបានឃើញការសម្លាប់មនុស្សដោយផ្ទាល់ភ្នែកនោះទេ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវក្រោកពីព្រលឹមទៅធ្វើការ និងទទួលបានអាហារមួយថ្ងៃពីរពេល។ របបអាហារក្នុងមួយពេលមានតែបបរបីវែកសម្រាប់ចម្អែតក្រពះតែប៉ុណ្ណោះ។ ចំពោះថ្នាំសម្រាប់ការព្យាបាលជំងឺនៅសម័យនោះ មានដូចជាថ្នាំគ្រុនចាញ់មកពីប្រទេសចិន មានថ្នាំពណ៌ខ្មៅ និងរាងដូចគ្រាប់សម្រង ដែលបានធ្វើឲ្យគាត់ជាសះស្បើយ ជាជាងថ្នាំអាចម៍ទន្សាយ ដែលធ្វើពីដៃដោយខ្មែរក្រហម។ បើនិយាយអំពីការរៀបការនៅសម័យនោះ ខ្មែរក្រហមបានចាប់គូ ម្តង ៦ ទៅ ៧គូ ស្លៀកពាក់ពណ៌ខ្មៅ បន្ទាប់មកត្រូវបេ្តជ្ញាចិត្តចំពោះអង្គការ ក្នុងមួយហិចតា ត្រូវប្រមូលទិន្នផលឲ្យបានបីតោន។
ការរស់នៅក្រោមរបបវាលពិឃាដនោះ អ្វីៗគ្មានសល់នោះទេសម្រាប់ ចាន់ ងួន។ ខ្មែរក្រហមបានប្រមូលអ្វីៗទាំងអស់ដាក់ចូលសមូហភាព។ នៅឆ្នាំ២០២១ អំឡុងពេលដែលមេរោគកូវីដ១៩ កំពុងរាលដាល អ្នកស្ម័គ្រចិត្តកម្ពុជាបានចុះសួរសុខទុក្ខគាត់ និងបានដឹងខ្លះៗ ពីស្ថានភាពសុខភាពរបស់គាត់ ដែលសព្វថ្ងៃ ងួន មានជំងឺលើសឈាម៕
សម្ភាសន៍ដោយ សូរ គីមសៀង នៅថ្ងៃទី ១ ខែវិចិ្ឆកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ