សុបិន្តអាក្រក់របស់ប្រធានក្រុម

ហម ធឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ហម ធឿន មានអាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាធ្លាប់ជាប្រធានក្រុមម្នាក់នៅសម័យខ្មែរក្រហម។ អំពីស្ថានភាពផ្លូវចិត្តរបស់លោក លោកនៅតែនឹកឃើញ អំពីបទពិសោធន៍ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម​ ដោយលើកឡើងថានៅតែនឹកស្រមៃឃើញរូបភាពដែលខ្មែរក្រហមបានធ្វើបាប និងចាប់ក្មេងៗ ដោយបំបែកបំបាក់ពីឪពុកម្ដាយ ដែលធ្វើឲ្យលោកយល់សុបិន្តអាក្រក់ ដែលកើតឡើងនៅរបបដ៏ឃោរឃៅនោះ។

បញ្ហាផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានមើលរំលង កត្តាដែលធ្វើឲ្យមានការមើលរំលងនេះ អាចមកពីការមិនបានដឹងលឺ ឬសិក្សាឲ្យបានស៊ីជម្រៅរបស់អ្នកជំនាន់ក្រោយ ចំពោះប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយនេះ កត្តាជីវភាពប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិត និងគ្រួសាររបស់គាត់ ឬកត្តាដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមិនបានពណ៌នានៅព្រឹត្តិការណ៍ទាំងនោះដល់អ្នកជំនាន់ក្រោយបានដឹង។ បញ្ហាផ្លូវចិត្តជាបញ្ហាមួយដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ភាគច្រើននៃអ្នករស់រានមានជីវិតពីសម័យកម្ពុជាប្រជាធិបតេយ្យ គាត់មិនបានដឹងថាខ្លួនមានបញ្ហាសុខភាពផ្លូវចិត្តនោះទេ ការយល់ដឹង និងការថែទាំ​សុខភាពផ្លូវចិត្តជារឿងសំខាន់ ជាពិសេសទាក់ទងនឹងអ្នកដែលបានឆ្លងកាត់បទពិសោធន៍ក្រោមអំពើប្រល័យពូជសាសន៍ ដូចលោក ហម ធឿន។

មជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្ម័គ្រចិត្តកម្ពុជាចំនួន ១៥០០ បានចុះសាកសួរទាក់ទងទៅនឹងបញ្ហាសុខភាពប្រចាំកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក​រស់​រាន​មានជីវិតពី​របបខ្មែរក្រហម។ ​ជាលទ្ធិផលព័ត៌មានទាក់ទងនឹងសុខភាពរបស់អ្នករស់រានមានជីវិតទាំងនោះ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ក្នុងសហគមន៍ដែលគាត់កំពុងរស់នៅ និងការព្យាបាលរបួសផ្លូវចិត្តរបស់គាត់ ដែលជាការចងចាំនូវប្រវត្តិសាស្ត្រដោយអ្នកជំនាន់ក្រោយ៕

សម្ភាសន៍ដោយ សឿម លីវយី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin