ដឹកទាំងឡានយកទៅសម្លាប់
(ព្រះវិហារ)៖ ឈឺ វឿន អាយុ ៦៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលគាត់មានកូនប្រាំពីរនាក់ និង បងប្អូនរបស់គាត់ចំនួនប្រាំមួយនាក់។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ វឿនបានលើកឡើងថាគាត់ធ្លាប់ធ្វើជាគ្រូពេទ្យ និងការងារបន្ទាប់បន្សំដូចជា ដកសំណាប នៅតំបន់ដែលគាត់បានរស់នៅខេត្តព្រះវិហារ ដែលក្រុមគ្រួសារគាត់មិនបានជម្លៀសទៅណានោះទេ។
វឿន បន្តទៀតថា ពេលមានអ្នកជំងឺគ្រុនចាញ់ គាត់បានឲ្យហូបទឹកដូង និងដាំទឹកថ្នាំស្លឹកម្រះ។ ចំពោះជំងឺទូទៅ គេប្រើថ្នាំអាចម៍ទន្សាយដែលបញ្ជាពីថ្នាក់លើមក ជួនកាលមានថ្នាំមកពីបរទេសដែលមានប្រសិទ្ធិសម្រាប់ប្រើប្រាស់តែមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ ដោយឡែកអំពីការកាប់សម្លាប់ដោយរង្គាលវិញ គាត់បាននិយាយទាំងអាណិតអាសូរដល់អ្នកបាត់បង់ជីវិតនៅសម័យនោះថា បានឃើញប្រជាជនជាច្រើននាក់ ត្រូវបានខ្មែរក្រហមដឹកទាំងឡានៗទៅសម្លាប់ នៅតាមរណ្ដៅ ដោយវាយនឹងគល់ឫស្សី នៅឯត្រពាំងរាំង។ ហេតុការណ៍នេះបានដាស់អារម្មណ៍ឲ្យគាត់ភ័យខ្លាច និងសម្រាន្តមិនលក់នៅពេលនឹកឃើញអំពើដ៏ឃោរឃៅនោះម្តងៗ។
ក្រោមរបបខ្មែរក្រហម វឿន មានរបបអាហារតែបបរសលាយជាមួយស្លឹកដំឡូងមី មិនដែលបានអាហារបីពេលដូចអ្នកថ្នាក់លើនោះទេ។ ប្រជាជនឯទៀតត្រូវបានបង្ខិតបង្ខំឲ្យរៀបការនឹងមនុស្សដែលមិនស្គាល់គ្នា ដោយស្លៀកពាក់ពណ៌ខ្មៅទាំង៨គូ ហើយប្តេជ្ញាចិត្តចំពោះអង្គការ។ បើតាមគាត់ចងចាំ ពេលនោះក៏មានការភ័ន្តច្រឡំមនុស្ស ឬគូទៀតផង។
ក្រោយថ្ងៃរំដោះនៅឆ្នាំ១៩៧៩ គាត់ឈប់ធ្វើគ្រូពេទ្យ និងចាប់មុខរបរស្រែចម្ការរហូតមកទល់សព្វថ្ងៃ។ វឿន មិនបានដឹងអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ គាត់យល់ឃើញថា ការនិយាយប្រាប់អ្នកជំនាន់ក្រោយឲ្យបានដឹងពីការកើតឡើងនៃរបបនោះ ជារឿងត្រឹមត្រូវ និងជាការចងចាំដោយមិនឲ្យរបបនោះវិលមកវិញ។ បច្ចុប្បន្នគាត់មានជំងឺប្រចាំកាយ និងមានជំងឺគ្រុនម្តងៗ។ ចំពោះបញ្ហាសេដ្ឋកិច្ចគ្រួសារវិញ គាត់ជួបប្រទះស្ថានភាពលំបាកតាំងពីថ្ងៃរំដោះ ដោយមិនមានអ្វីសេសសល់នោះទេ គឺបានត្រឹមតែសេចក្តីរងទុក្ខវេទនាប៉ុណ្ណោះ»៕
សម្ភាសន៍ដោយ សូរ គីមសៀង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ