ខ្មែរក្រហមហៅខ្ញុំជាប្រពន្ធជនក្បត់

ឆឹង ជូ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ឆឹង ជូ ជាអតីតមេក្រុមដែលដឹកនាំក្រុមនារីប្រហែលជាង១០នាក់នៅសម័យខ្មែរក្រហម។ គាត់​បានរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់ក្នុងនាមជាស្រ្តីមេម៉ាយដែលតស៊ូចិញ្ចឹមកូន និងខិតខំធ្វើការទាំងហួសកម្លាំងដើម្បីបានរស់រានមានជីវិត។

នៅឆ្នាំ​១៩៧៥ ប្តីរបស់គាត់បានរត់គេចខ្លួនទៅប្រទេសថៃ។ ជូ ទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់​ឯង និងត្រូវបានខ្មែរក្រហមធ្វើបាប រើសអើង និង​ ចោទប្រកាន់ថាជាប្រពន្ធរបស់​ជនក្បត់។ ជូ បាននិយាយក្នុងចិត្តថា៖ «គាត់មិនមែនជាអ្នកក្បត់នោះទេ ហេតុអ្វីគេធ្វើបាបគាត់?»។

ក្នុងនាមជាមេក្រុម គាត់ត្រូវដឹកនាំកូនក្រុមទៅធ្វើការ ច្រូតកាត់ ដកស្ទូង ធ្វើចម្ការ គាស់គល់ឈើ ជីក​ប្រឡាយ និងលើកទំនប់ ទៅតាមបញ្ជារបស់មេកង ដែលគុំគួនគាត់​ទៅតាមការចោទប្រកាន់ខាងលើ។ ពេលខ្លះគាត់ត្រូវទៅដើររកដូងទុំសម្រាប់យកមកដាំក្នុងសហករណ៍របស់គាត់ទៅតាមបញ្ជារបស់ខ្មែរក្រហម។ ជួនកាលគេឲ្យគាត់ទៅកាប់ឈើនៅតាមបណ្តោយភ្នំដងរែក។ បន្ទាប់មកផ្ទះរបស់គាត់ត្រូវរុសរើទៅតាមតម្រូវការរបស់ខ្មែរក្រហម។ គាត់និងកូនៗត្រូវជម្លៀសទៅភូមិផ្សេងដើម្បីធ្វើការបន្ត។

ជារៀងរាល់ល្ងាច​បន្ទាប់ពីបរិភោគបបររួច មានការប្រជុំជីវភាព ដើម្បីសួរដេញដោលរកអ្នកខុស អ្នកត្រូវ ឬ អ្នកធ្វើការល្អ ឬក៏មិនល្អ ដូចជាទៅធ្វើការមិនទាន់ពេល ឬរកអ្វីហូបនៅពេលកំពុងធ្វើការជាដើម។ ឆឹង ជូ បានបញ្ជាក់ថាខ្មែរក្រហមយកទៅកសាងនោះមិនសុទ្ធតែសម្លាប់នោះទេ គ្រាន់តែស្ដីបន្ទោសទេ។ តែប្រសិន​បើខូចសីលធម៌គេនឹងយកទៅវាយសម្លាប់ចោល។ ចំណែកអ្នកជម្លៀសមកពីខេត្តកំពង់ធំ និងទីក្រុងភ្នំពេញ ភាគច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ គាត់បានលឺថា មានគ្រួសារ​ទាំងក្មេងតូចនិងឪពុកម្តាយត្រូវបានខ្មែរក្រហម​សម្លាប់​ទាំងគ្រួសារ។ នៅប៉ុន្មានថ្ងៃក្រោយមកគាត់​បានប្រទះឃើញសាកសពគ្រួសារនោះនៅពេលកំពុងដើរទៅរកផ្សិត។

សព្វថ្ងៃ ឆឹង ជូ មានអាយុ ៨០ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ គាត់សង្ឃឹមថាកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបានដឹងអំពីរបបខ្មែរក្រហម ហើយកុំយកអំពើហិង្សា និងអំពើអាក្រក់មកដាក់ខ្លួន៕

សម្ភាសន៍ដោយ ធួក សែល នៅថ្ងៃទី​២១ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin