ខ្មែរក្រហមឲ្យរៀនមួយថ្ងៃមួយម៉ោង
(ព្រះវិហារ)៖ ហេង នីម មានអាយុ ៦០ ឆ្នាំ ជាកសិករ រស់នៅភូមិបរិបូណ៍ ឃុំភ្នំត្បែងពី ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសម័យនោះ គាត់ត្រូវបានដាក់ឲ្យរស់នៅតាមសហករណ៍។ ដោយសារតែគាត់ស្ថិតនៅក្នុងវ័យកុមារ ខ្មែរក្រហមឲ្យគាត់រៀន១ម៉ោង នៅពេលថ្ងៃត្រង់ បន្ទាប់ពីធ្វើការពេញមួយព្រឹកគ្មានពេលសម្រាក។ នៅអាយុ១៥ឆ្នាំ គាត់ធ្វើការទាំងហូបមិនបានគ្រប់គ្រាន់ ពេលខ្លះត្រូវទៅបិទទំនប់ ឬលើកទំនប់ ដែលតម្រូវឲ្យឃ្លាតចេញឆ្ងាយពីឪពុកម្តាយ ដែលម្តងៗ មានរយៈពេលពី២ទៅ៣ខែជាដើម។ គាត់បានបន្ថែមទៀតថា ធ្វើអ្វីក៏ដោយ ក៏ខ្មែរក្រហមចោទថាមិនទាន់ពេល ក្រៅពីនោះអ្វីៗត្រូវដាក់ជាសមូហភាពទាំងអស់។
បន្ទាប់ពីលើកទំនប់ចប់ គាត់ត្រូវធ្វើការច្រូតកាត់ស្រូវតាមអង្គភាពភូមិ ដោយធ្វើការជុំគ្នាជាក្រុមៗ។ គាត់បានលើកឡើងថា ជំនាន់នោះមនុស្សចាស់មានការលំបាកជាងក្មេងៗ។ អ្វីដែលលំបាកសម្រាប់គាត់នោះ គឺមិនបានហូបគ្រប់គ្រាន់ ធ្វើការពីម៉ោង ៧ ដល់ម៉ោង ១១ ទើបបានហូប។ គាត់បានបញ្ជាក់ថា ធ្វើស្រែបានទិន្នផលច្រើន ប៉ុន្តែមិនដែលបានបាយហូបនោះទេ។ គាត់បានធ្លាប់ឃើញគេចាប់ចងមនុស្សដើរកាត់ ជាសំណាងល្អក្រុមគ្រួសាររបស់គាត់ពុំមាននរណាម្នាក់បានបាត់បង់ជីវិតនៅក្នុងសម័យនោះទេ។ ហេង នីម មិនបានដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ។ គាត់ជឿជាក់ថា ការអប់រំអាចឲ្យក្មេងជំនាន់ក្រោយបានដឹង នឹងរៀនសូត្រពីរបបនោះ។
សព្វថ្ងៃនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនកំពុងមានជំងឺប្រចាំកាយ និងកង្វះខាតផ្នែកសេដ្ឋកិច្ចគ្រួសារ ដែលជាកត្តាមួយអាចប៉ះពាល់ដល់សុខភាពរបស់គាត់ ជាពិសេសការប៉ះពាល់ដោយប្រយោលពីមេរោគកូវីដ១៩។ ហេង នីម មានការចងចាំមិនភ្លេចពីរបបនោះ ការជួបសួរសុខទុក្ខពីអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើឲ្យគាត់ធូរស្បើយចិត្តបានខ្លះ នៅពេលមាននរណាម្នាក់សួរទាក់ទងទៅនឹងទុក្ខលំបាកនៅសម័យខ្មែរក្រហម និងស្ថានភាពបច្ចុប្បន្នរបស់គាត់។ ក្នុងនាមជាមេគ្រួសារម្នាក់ គាត់ត្រូវខិតខំរកចំណូល ដែលបានតែពីធ្វើការស្រែចម្ការប៉ុណ្ណោះ គ្មានប្រាក់ឧបត្ថម្ភនោះទេ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់៕
សម្ភាសន៍ដោយ ភេទ សុភីម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ